ក្រុមហ៊ុនខេមប្រ៊ូវ គឹជារោងចក្រផលិតស្រាបៀរទី ១ និងធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្ម តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ក្រុមហ៊ុនខេមប្រ៊ូវ គឺជាក្រុមហ៊ុនផលិត និងចែកចាយ ស្រាបៀរ ដែលមានម៉ាកសញ្ញាល្បីៗ ទាំងផលិតផលជាតិ និងអន្តរជាតិជាច្រើន។ ក្នុងនោះ ម៉ាកសញ្ញាធំជាងគេរបស់ក្រុមហ៊ុន គឺ ស្រាបៀរអង្គរ ដែលត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសតាមរយៈពាក្យស្លោក ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ។ ក្នុងនាមជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនកាស៊្បែរគ្រុប ក្រុមហ៊ុនក៏បានផលិត និងចែកចាយម៉ាកសញ្ញាស្រាបៀរអន្តរជាតិនានា រួមមាន ស្រាបៀរដ៏ល្បីរបស់ប្រទេសដាណឺម៉ាក គឺស្រាបៀរកាស៊្បែរ ស្រាផ្លៃឈើដ៏ល្បីរបស់អឺរ៉ុប គឺ Somersby ស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ជប៉ុនគឺ ស្រាបៀរអាសាហ៊ី និងស្រាបៀរស្តោតរបស់ប្រទេសអៀកឡង់ គឺស្រាបៀរ Guinness។ ក្រុមហ៊ុន ក៏ផលិតម៉ាកសញ្ញាក្នុងស្រុក រួមមាន ស្រាបៀរខ្លាំង ប្លេកផេនធ័រ និងទឹកបរិសុទ្ធអង្គរពូរ៉ូ ផងដែរ។ តាំងពីឆ្នាំ ១៩៩២ ក្រុមហ៊ុនខេមប្រ៊ូវ បានសហការជាមួយក្រុមហ៊ុនប៉ិបស៊ីកូ ក្នុងការវេចខ្ចប់ និងចែកចាយភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា រួមមាន ទឹកក្រូចប៉ិបស៊ី មីរីនដា 7-UP និងស្ទីង។